រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសមាគមអតីតសិស្ស ចូលរួមសាងសង់អគារសិក្សាថ្មីនៅសាលាបឋមសិក្សាពោធិ៍សាត់ ខេត្តពោធិ៍សាត់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសមាគមអតីតសិស្ស ចូលរួមសាងសង់អគារសិក្សាថ្មីនៅសាលាបឋមសិក្សាពោធិ៍សាត់ ខេត្តពោធិ៍សាត់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ អគារសិក្សាថ្មីមួយខ្នងមានកម្ពស់ ២ជាន់ ស្មើនឹង ១០បន្ទប់ ព្រមទាំងបរិក្ខារសិក្សាចាំបាច់មួយចំនួន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតនៅឃុំផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ អគារសិក្សាថ្មីនេះ ត្រូវបានសាងសង់ឡើងដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សហការជាមួយ សមាគមអតីតសិស្សសាលាបឋមសិក្សាពោធិ៍សាត់ ក្នុងគោលបំណងចូលរួមលើកកម្ពស់គុណភាពអប់រំ និងបង្កើនបរិយាកាសសិក្សាឱ្យកាន់តែប្រសើរសម្រាប់សិស្សានុសិស្សក្នុងមូលដ្ឋាន។ អគារសិក្សាថ្មីនេះមាន កម្ពស់ ២ជាន់ និងមាន ១០បន្ទប់សិក្សា ដែលត្រូវបានសាងសង់ឡើង ដើម្បីជួយកាត់បន្ថយភាពចង្អៀតក្នុងថ្នាក់រៀន ខណៈដែលចំនួនសិស្សកំពុងកើនឡើងជាបន្តបន្ទាប់។ យោងតាមរបាយការណ៍របស់សាលា បច្ចុប្បន្ន សាលាបឋមសិក្សាពោធិ៍សាត់មានគ្រូបង្រៀនចំនួន ៦៥នាក់ និងសិស្សសរុប ២,៧៤៤នាក់។ ក្នុងចំណោមថ្នាក់រៀនមួយចំនួន មានសិស្ស ចន្លោះពី ៥០ ដល់ ៥៨នាក់ក្នុងមួយថ្នាក់ ដែលលើសពីកម្រិតស្តង់ដារ និងបង្កឱ្យមានភាពចង្អៀតក្នុងបរិយាកាសសិក្សា។ ការសាងសង់អគារសិក្សាថ្មីនេះ គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រការអភិវឌ្ឍវិស័យអប់រំ និងការបង្កើតបរិយាកាសសិក្សាដែលមានគុណភាពល្អប្រសើរសម្រាប់សិស្សានុសិស្ស។ ក្នុងឱកាសនោះ គណៈប្រតិភូ និងភ្ញៀវកិត្តិយសក៏បានអញ្ជើញទស្សនាអគារសិក្សាថ្មី និងសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សាពោធិសាត់ និងដាំដើមរំដួលទុកជានិមិត្តរូបអនុស្សាវរីយ៍។


ភាសាអង់គ្លេស