សេចក្តីប្រកាសព័ត៌មានស្តីពី ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ដំណើរការ-ថែទាំ និងបណ្តុះបណ្តាលនៃគម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក សមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតសរុប ៤៥.០០០ ម៣/ថ្ងៃ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KUBOTA-CTII CONSORTIUM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជម្រាបជូនវិនិយោគិន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ នាថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រ.ទ.ស.ភ បានរៀបចំកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ដំណើរការ-ថែទាំ និងបណ្តុះបណ្តាល នៃគម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KUBOTA-CTII CONSORTIUM ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលរៀបចំនៅ ទីស្នាក់ការកណ្តាលរបស់ រ.ទ.ស.ភ។
គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក នឹងបង្កើនសមត្ថភាពផលិត ៤៥.០០០ម៣/ថ្ងៃ បន្ថែមពីលើសមត្ថភាពផលិតដើម ១៥០.០០០ម៣/ថ្ងៃ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងតំបន់ជាយក្រុងនៃរាជធានីភ្នំពេញប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ លើសពីនេះ រ.ទ.ស.ភ នឹងផ្ដល់នូវសេវាកម្មទឹកស្អាត ដែលមានស្ថិរភាពក្នុងការផ្គត់ផ្គង់ទៅកាន់ បណ្ដារោងចក្រដែលអាចបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត តាមរយៈការធ្វើបច្ចុប្បន្នភាពនៃផែនការមេលើកទី៣ (២០២១-២០៣០) ដោយទទួលបានការគាំទ្រទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបញ្ជាក់ពីកំណើនតម្រូវការទឹកស្អាតរហូតដល់ ១,៨លានម៣/ថ្ងៃនៅឆ្នាំ២០៣០។ ហេតុនេះ ដើម្បីសម្រេចបាននូវគោលដៅនេះ គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែកជាគម្រោងដ៏សំខាន់មួយ ដែលត្រូវអនុវត្តដើម្បីធានាបាននូវលទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ និងឈានទៅដល់ការសម្រេចនូវនៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ចាប់ពីឆ្នាំ២០៣០ តទៅ ដូចមានលម្អិតក្នុងសេចក្តីប្រកាសព័ត៌មានភ្ជាប់ជូន

